ហ្វ្រេងហ្វឺតៈ Adidas ដែលជាក្រុមហ៊ុនផលិតសម្ភារកីឡាឈានមុខគេបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថាខ្លួនរំពឹងថាប្រាក់ចំណូល និងប្រាក់ចំណេញនៅឆ្នាំនេះនឹងកើនឡើងពី ១០ ដល់ ១២ ភាគរយដោយសារតែអតិថិជននៅក្នុងប្រទេសអាល្លឺម៉ង់បន្តកើនឡើង។
ក្រុមហ៊ុនផលិតសម្លៀកបំពាក់ និងឧបករណ៍កីឡារបស់ប្រទេសអាល្លឺម៉ង់មួយនេះបានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «ការលក់ត្រូវបានរំពឹងថានឹងកើនឡើងនៅក្នុងអត្រាចន្លោះពី ១០ ដល់ ១២ ភាគរយក្នុងឆ្នាំ ២០១៦ »។
ក្រុមហ៊ុនបន្តថា៖ «ការលក់ប្រកបដោយវិជ្ជមាននេះដោយសារការកើនឡើងការចំណាយរបស់អតិថិជនដែលកំពុងផ្ដល់ស្ថានភាពវិជ្ជមានសម្រាប់កំណើនដែលបន្ត និងការកើនឡើងឧស្សាហកម្មទំនិញកីឡា»។
និន្នាការលក់ដែលកើនឡើងនេះក៏ដោយសារឥទ្ធិពលពីព្រឹត្តិការណ៍កីឡាធំៗរួមមានការប្រកួតជើងឯកបាល់ទាត់ UEFA EURO ឆ្នាំ ២០១៦» និងកីឡាអូឡាំពិកនៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។
ទាក់ទងនឹងប្រាក់ចំណូលប្រាក់ចំណេញសុទ្ធត្រូវបានព្យាករថានឹងកើនឡើងក្នុងអត្រាចន្លោះពី ១០ ដល់ ១២ ភាគរយ «ដល់ប្រហែល ៨០០ លានអឺរ៉ូ ( ៨៧០ លានដុល្លារអាមេរិក) បើធៀបនឹងកម្រិតឆ្នាំ ២០១៥ ចំនួន ៧២០ លានអឺរ៉ូ»។
ខណៈក្រុមហ៊ុន Adidas ក៏ដូចជាគូប្រកួតប្រជែង Nike ត្រូវបានរំពឹងថានឹងទទួលបានការកើនឡើងពីការប្រកួតជើងឯកបាល់ទាត់ UEFA ការទិញ និងការចំណាយលើកម្លាំងពលកម្មក៏កំពុងកើនឡើងផងដែរ។
ក៏ដូចជាក្រុមហ៊ុនផលិតសម្ភារកីឡាល្អៗផ្សេងទៀតផងដែរក្រុមហ៊ុន Adidas មានទីតាំងផលិតនៅក្នុងតំបន់អាស៊ី និងការជួញដូរជាប្រាក់ដុល្លារអាមេរិកដូច្នេះពួកគេកំពុងមានបញ្ហាប្រាក់ចំណេញដោយសារតែការកើនឡើងតម្លៃប្រាក់ដុល្លារអាមេរិកធៀបនឹងតម្លៃប្រាក់អឺរ៉ូ។
កាលពីខែមុនក្រុមហ៊ុន Adidas បានឲ្យដឹងថាខ្លួនបានប្រតិបត្តិការប្រសើរជាងការរំពឹងទុកកាលពីឆ្នាំ ២០១៥ ជាមួយនឹងការលក់កើនឡើង ១៦ ភាគរយដល់ ១៦,៩ ពាន់លានអឺរ៉ូហើយប្រាក់ចំណេញសុទ្ធកើនឡើង ១២ ភាគរយ៕ LA
ADS HERE !!!