អ៊ីតាលីៈ ក្រុមហ៊ុនអ៊ីតាលីដែលគ្រប់គ្រងក្រុមហ៊ុន Volkswagen បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា Lamborghini ជាក្រុមហ៊ុនផលិតរថយន្តរបស់អ៊ីតាលីបានបំបែកកំណត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុរបស់ខ្លួនកាលពីឆ្នាំ ២០១៥ បន្ទាប់ពីការលក់ម៉ូដែលរថយន្តស្ព័រប្រណីតរបស់ខ្លួនបាន ៣ ២៥៤ គ្រឿងដែលមិនធ្លាប់មានពីមុនមក។
ការលក់រថយន្តម៉ូដែលបច្ចុប្បន្នពីររបស់ក្រុមហ៊ុន Lamborghini គឺម៉ូដែល Huracan និងម៉ូដែល Aventador រកបានប្រាក់ ៨៧២ លានអឺរ៉ូ ( ៩៤៩ លានដុល្លារអាមេរិក) កើនឡើង ៣៩ ភាគរយលើប្រាក់ចំណូលឆ្នាំ ២០១៤ របស់ក្រុមហ៊ុននេះ។
លោក Stephan Winkelmann អគ្គនាយកក្រុមហ៊ុនបានថ្លែងថា៖ «នៅក្នុងកំណើនរយៈពេល ៥ ឆ្នាំជាប់ៗគ្នាយើងសម្រេចបានលទ្ធផលខ្ពស់បំផុតទាក់ទងនឹងសូចនាករប្រតិបត្តិការចម្បងរបស់យើង»។
លោកបានថ្លែងដោយសំដៅដល់ផែនការរបស់ក្រុមហ៊ុន Lamborghini ដែលគ្រោងនឹងដំណើរការរថយន្ត SUV ដំបូងរបស់ខ្លួនម៉ូដែល Urus ក្នុងឆ្នាំ ២០១៨ ថា៖ «យើងបានធ្វើការសម្រេចយុទ្ធសាស្ដ្ររយៈពេលមធ្យម និងរយៈពេលវែងដែលនឹងធ្វើឲ្យក្រុមហ៊ុននេះមានសមត្ថភាពប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងទីផ្សាររថយន្តប្រណីតពិភពលោក»។
លោក Winkelmann ថ្លែងថាតួលេខលក់ជាវិជ្ជមានបានជំរុញការងារអភិវឌ្ឍរបស់ក្រុមហ៊ុននេះដែលរួមមានភាពខុសគ្នានៃរថយន្តស្ព័ររបស់ខ្លួនព្រមទាំងគម្រោងរថយន្ត Urus។
ក្រុមហ៊ុន Lamborghini បាននាំចេញរថយន្តម៉ូដែល Huracans ចំនួន ២ ២៤២ គ្រឿងកាលពីឆ្នាំ ២០១៥ និងបានឲ្យដឹងថាការលក់ម៉ូដែលនេះដែលបានចាប់ផ្ដើមដំណើរការកាលពីឆ្នាំ ២០១៤ មាន ៧០ ភាគរយខ្ពស់ជាងរថយន្តម៉ូដែល Gallardo ជំនាន់មុនរបស់ខ្លួនក្នុងរយៈពេល ១៨ ខែដំបូងនៅលើទីផ្សារនេះ។
ការលក់រថយន្ត Aventador ម៉ូដែលផ្សេងៗគ្នាក្នុងរយៈជាង ៤ ឆ្នាំមានចំនួនសរុប ១ ០០៣ គ្រឿង។
ក្រុមហ៊ុន Lamborghini កំពុងគ្រោងនឹងប្រើប្រាស់បុគ្គលិកបន្ថែម ៥០០ នាក់ និងបង្កើនទំហំរោងចក្រផលិតរបស់ខ្លួនពីរដងនៅក្នុងទីក្រុង Bologna ប្រទេសអ៊ីតាលីដើម្បីអាចផលិតរថយន្ត Urus បាន។
រថយន្តថ្មីនេះនឹងប្រកួតប្រជែងជាមួយ Range Rovers រថយន្ត X6 របស់ BMW និងរថយន្ត SUV ដែលបានគ្រោងរបស់ Bentley ដែលជាដៃគូប្រកួតប្រជែងរថយន្តប្រណីត។
រថយន្តនេះនឹងជាម៉ូដែលតម្លៃខ្ពស់ចុងក្រោយរបស់ Lamborghini ខណៈអ្នកជំនាញឧស្សាហកម្មរំពឹងថាមានតម្លៃប្រហែល ១៥០ ០០០ ដុល្លារបើធៀបនឹងតម្លៃអប្បបរមាបច្ចុប្បន្នរបស់ Huracan ចំនួន ២៣០ ០០០ ដុល្លារ៕ LA
ADS HERE !!!