ក្រុងវ៉ាស៊ីនតោនៈ ឱនភាពពាណិជ្ជកម្មអាមេរិកបានកើនឡើងខ្ពស់ជាងការរំពឹងទុកកាលពីខែមករាដោយសារការនាំចេញធ្លាក់ចុះខ្លាំងជាការធ្លាក់ចុះផ្នែកនាំចូលនៅពេលសេដ្ឋកិច្ចពិភពលោកកំពុងថយចុះ។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មរបស់អាមេរិកដែលបានចេញផ្សាយកាលពីចុងសប្តាហ៍មុន។
ឱនភាពពាណិជ្ជកម្មបានកើនឡើង ២,២ ភាគរយដល់ ៤៥,៧ ពាន់លានដុល្លារកាលពីខែមករាដែលជាឱនភាពខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំ និងខ្ពស់ជាងការព្យាកររបស់អ្នកវិភាគដែលថាមានត្រឹមតែ ៤៤ ពាន់លានដុល្លារ។
ការនាំចេញ និងនាំចូលរបស់អាមេរិកបានធ្លាក់ចុះមកនៅត្រឹមកម្រិតទាបបំផុតក្នុងរយៈពេល ៥ ឆ្នាំដោយបានឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនសូវល្អ និងការធ្លាក់ចុះតម្លៃប្រេង និងកំណើនថ្លៃប្រាក់ដុល្លារ។
ការនាំចេញទំនិញ និងសេវាកម្មបានធ្លាក់ចុះ ២,១ ភាគរយមកនៅត្រឹម ១៧៦,៥ ពាន់លានដុល្លារដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីខែមិថុនា ឆ្នាំ ២០១១ ។
ការនាំចូលបានធ្លាក់ចុះ ១,៣ ភាគរយមកនៅត្រឹម ២២២,១ ពាន់លានដុល្លារដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីខែមេសា ឆ្នាំ ២០១១ មក។
ឱនភាពពាណិជ្ជកម្មនៅខែធ្នូត្រូវបានវាយតម្លៃដំឡើងពី ៤៣,៤ ពាន់លានដុល្លារ ដល់ ៤៤,៧ ពាន់លានដុល្លារ។
លោកស្រី Emily Mandel បម្រើការនៅក្រុមហ៊ុន Moo-dy's Analytics បានមានប្រសាសន៍ថា៖ «កំណើនថ្លៃប្រាក់ដុល្លារកំពុងធ្វើឲ្យប៉ះពាល់ខ្លាំងដល់ក្រុមហ៊ុននាំចេញដោយបានធ្វើឲ្យទំនិញរបស់អាមេរិកមិនសូវមានលទ្ធភាពប្រកួតប្រជែងនៅទីផ្សារអន្តរជាតិ។ កំណើនសេដ្ឋកិច្ចសកលមិនសូវល្អក៏កំពុងធ្វើឲ្យប៉ះពាល់តម្រូវការទំនិញរបស់អាមេរិកផងដែរ»។
វាគឺជាការកើនឡើងផ្នែកឱនភាពពាណិជ្ជកម្មរយៈពេលពីរខែជាប់គ្នាហើយដោយបង្ហាញពីការធ្លាក់ចុះកំណើនសេដ្ឋកិច្ចសកលដែលភាគច្រើនបង្កឡើងដោយសារការធ្លាក់ចុះសេដ្ឋកិច្ចនៅចិន។
លោក Jim O'Sullivan ប្រធានសេដ្ឋវិទូអាមេរិកប្រចាំក្រុមហ៊ុន High Frequency Economics បានឲ្យដឹងថាបើកម្រិតឱនភាពនៅខែមករានឹងកើតមានឡើងទៀតនោះការនាំចេញកាន់តែទាបអាចកាត់បន្ថយកំណើនសេដ្ឋកិច្ចប្រមាណ ០,០៥ ភាគរយនៅត្រីមាសទីមួយ។
ដោយលើកឡើងពីរបាយការណ៍ការងារក្នុងខែកុម្ភៈរបស់ក្រសួងការងារដែលបានចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុនលោក O'Sullivan បានបន្តថា៖ «ពិតហើយបើទោះទាញទម្លាក់ពាណិជ្ជកម្មក្តីក៏កំណើនទូទៅនៅតែមានកម្រិតខ្ពស់ល្មមដើម្បីជំរុញស្ថានភាពប្រសើរឡើងនៅទីផ្សារពលកម្មបន្តទៀត»។
កំណើនការងារចំនួន ២៤២ ០០០ ត្រូវបានបង្កើតឡើងដោយមានកម្រិតខ្ពស់ជាងការរំពឹងទុកហើយអត្រាគ្មានការងារធ្វើមានកម្រិត ៤,៩ ភាគរយពោលគឺមានកម្រិតទាបបំផុតក្នុងរយៈពេល ៨ ឆ្នាំដែលបង្ហាញថានិយោជកបានប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះកំណើនសេដ្ឋកិច្ចសកលខណៈការចំណាយអតិថិជនបានកើនឡើងជាបណ្តើរៗយ៉ាងហោចណាស់នៅពេល បច្ចុប្បន្ន។ កំណើនសេដ្ឋកិច្ចអាមេរិកអាចនឹងធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែខាងមុខ៕ BP