ក្រុងបាងកកៈ ក្រុមហ៊ុនអាកាសចរណ៍ Nok Air ដែលបានប្រឈមនឹងបញ្ហាបាននិយាយសម្រាលបញ្ហានៃការលុបចោលជើងហោះហើរចំនួន ៦១ ជើងក្នុងចំណោមជើងហោះហើររបស់ខ្លួនដោយបានលើកឡើងថាការសម្រេចរៀបចំកាលវិភាគជើងហោះហើរឡើងវិញនេះបានធ្វើឡើងតាំងពីមុនការតវ៉ារបស់អាកាសយានិកកាលពីថ្ងៃទី ១៤ ខែកុម្ភៈមកម្ល៉េះ។
ការប្រកាសពីការលុបចោលជើងហោះហើរត្រូវបានបង្ហាញនៅលើគេហទំព័ររបស់អាកាសយានដ្ឋានដនមឿង និងបានជំរុញឲ្យមានក្តីបារម្ភជាថ្មីចំពោះប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍នេះដែលបញ្ហាចម្បងដោយសារកង្វះអាកាសយានិក។
ទោះបីជាយ៉ាងនេះក្តីលោក Patee Sarasin នាយកប្រតិបត្តិក្រុមហ៊ុន Nok Air បានបញ្ជាក់កាលពីថ្ងៃសុក្រថាការលុបចោលជើងហោះហើរនេះនឹងមិនប៉ះពាល់អ្នកដំណើរនោះទេដោយពួកគេអាចធ្វើដំណើរតាមជើងហោះហើរជួលយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតដែលក្រុមហ៊ុន Nok Air កំពុងអាស្រ័យលើជើងហោះហើរទាំងនោះ។
ការធានារបស់លោក Patee ត្រូវបានបង្ហោះតាមអនឡាញបន្ទាប់ពីលោកទទួលបានដំណឹងពីការលុបចោលជើងហោះហើរទាំងនេះដែលលោកបានបញ្ជាក់ថាវាបានកើតឡើងតាំងពីមុនពេលការបញ្ចប់ប្រតិបត្តិការកាលពីខែមុនទៅទៀតដែលបានធ្វើឲ្យអ្នកដំណើរជាង ៣ ពាន់នាក់មកតាមជើងហោះហើរចំនួន ១៧ ជើងជាប់គាំង។
ក្រុមហ៊ុននេះបានឲ្យដឹងនៅលើគេហទំព័រសង្គមផ្លូវការ Tweeter របស់ខ្លួនថា៖ «ពុំមានការប្រកាសថ្មីស្តីពីជើងហោះហើរដែលត្រូវបានលុបចោលទេ»។
ក្រុមហ៊ុន Nok Air បានបន្តឲ្យដឹងថា៖ «យើងកំពុងអនុវត្តតាមផែនការរបស់យើងដែលបានប្រកាសនាពេលកន្លងមកហើយរំពឹងថាបញ្ហាគ្រប់យ៉ាងនឹងវិលត្រឡប់មករកស្ថានភាពប្រក្រតីវិញនៅក្នុងពេលឆាប់ៗនេះ»។
កាលវិភាគជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ Nok Air ហោះហើររវាងអាកាសយានដ្ឋានដនមឿងនៅខាងជើងទីក្រុងបាងកក និងអាកាសយានដ្ឋានធំៗផ្សេងទៀតដោយមានជើងហោះហើរក្នុងប្រទេស ២៧ ជើង និងជើងហោះហើរទៅក្រៅប្រទេស ៣៤ ជើង។
ប្រភពពីអាកាសយានដ្ឋានដនមឿងចាត់ទុកថាបញ្ហានេះជាការលុបចោលជើងហោះហើរធម្មតាមួយ៕ BP
ADS HERE !!!