ក្រុងតេអេរ៉ង់ៈ ក្រុមមន្ត្រីបានឲ្យដឹងនៅទីក្រុងតេអេរ៉ង់កាលពីថ្ងៃសៅរ៍ថាប្រទេសអ៊ីរ៉ង់ និងតួកគីមានគោលបំណងបង្កើនពាណិជ្ជកម្មប្រចាំឆ្នាំរបស់ខ្លួនបីដងដល់ ៣០ ពាន់លានដុល្លារក្នុងរយៈពេលពីរឆ្នាំបើទោះជាប្រទេសទាំងពីរមានជម្លោះជាមួយគ្នាដោយសារការវាយប្រហារនៅប្រទេសស៊ីរីក្តី។
បន្ទាប់ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរកាលពីឆ្នាំមុនជាមួយនឹងមហាអំណាចពិភពលោកមកប្រទេសអ៊ីរ៉ង់ត្រូវបានកំណត់គោលដៅដោយសហភាពអឺរ៉ុបក្នុងនាមជាទីផ្សារថ្មីមួយតែប្រទេសតួកគីក៏កំពុងព្យាយាមទាញយកផលប្រយោជន៍ផងដែរបន្ទាប់ពីការបញ្ចប់ទណ្ឌកម្មអន្តរជាតិភាគច្រើនលើប្រទេសអ៊ីរ៉ង់។
ដោយបានធ្វើដំណើរទៅទស្សនកិច្ចនៅរដ្ឋធានីរបស់ប្រទេសអ៊ីរ៉ង់ លោក Ahmet Davutoglu នាយករដ្ឋមន្ត្រីតួកគីបានជួបប្រជុំជាមួយលោក Eshaq Jahangiri អនុប្រធានាធិបតីទីមួយរបស់ប្រទេសអ៊ីរ៉ង់។
ដោយបានលើកឡើងពីក្របខ័ណ្ឌពេលវេលា ២ ឆ្នាំសម្រាប់ការបង្កើនតួលេខពាណិជ្ជកម្មពីចំនួន ១០ ពាន់លានដុល្លារនាពេលបច្ចុប្បន្នរបស់ខ្លួនលោក Jahangiri បានឲ្យដឹងនៅក្នុងការផ្សព្វផ្សាយព័ត៌មានតាមទូរទស្សន៍រដ្ឋថា៖ «យើងបានកំណត់ទិសដៅ ៣០ ពាន់លានដុល្លារសម្រាប់ពាណិជ្ជកម្មរបស់យើង»។
ពាណិជ្ជកម្មរវាងប្រទេសតួកគី និងអ៊ីរ៉ង់បានធ្លាក់ចុះពី ១៥ ពាន់លានដុល្លារមកនៅត្រឹម ១០ ពាន់លានដុល្លារក្នុងរយៈពេល ១២ ខែចុងក្រោយនេះដោយសារការនាំចេញតិចទៅកាន់ប្រទេសអ៊ីរ៉ង់។
ប្រទេសអ៊ីរ៉ង់លក់ឧស្ម័នឲ្យប្រទេសតួកគីហើយកំណើននាំចេញគឺជាប្រធានបទមួយក្នុងចំណោមប្រធានបទដែលគប្បីលើកយកមកពិភាក្សានៅអំឡុងដំណើរទស្សនកិច្ចរបស់លោក Davutoglu នេះ។
ទិសដៅពាណិជ្ជកម្មនេះបានកំណត់បន្ទាប់ពីភាពតានតឹងបានកើនឡើងរវាងប្រទេសតួកគី និងអ៊ីរ៉ង់ជុំវិញសង្គ្រាមនៅប្រទេសស៊ីរីបន្ទាប់ពីរដ្ឋាភិបាលអង់ការ៉ាបានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់រុស្ស៊ីកាលពីឆ្នាំមុន។
ប្រទេសរុស្ស៊ី និងអ៊ីរ៉ង់បានគាំទ្រលោក Bashar al-Assad ប្រធានាធិបតីស៊ីរីរីឯតួកគីចង់ឲ្យលោក al-Assad ចុះចេញពីតំណែងហើយគាំទ្រការប្រឆាំងរបស់ក្រុមឧទ្ទាមដើម្បីផ្តួលរំលំរបប Damascus៕ BP
ADS HERE !!!