ក្រុងប៊្រុចសែលៈ កាលពីថ្ងៃសុក្រសហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងប្រទេសកូរ៉េខាងជើងដោយសារការសាកល្បងអាវុធនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលបាលីស្ទិកនាពេលថ្មីៗនេះដែលសាកល្បងនេះប្រឆាំងនឹងការសម្រេចរបស់អង្គការសហប្រជាជាតិ។
សហភាពដែលមានសមាជិកចំនួន ២៨ ប្រទេសនេះបានឲ្យដឹងថាខ្លួនបានដាក់បន្ថែមបុគ្គលជនជាតិកូរ៉េខាងជើងចំនួន ១៦ រូប និងអង្គភាពចំនួន ១២ ចូលក្នុងបញ្ជីខ្មៅទណ្ឌកម្មដែលក្នុងបញ្ជីនោះសរុបមានក្រុមហ៊ុន និងបុគ្គលចំនួន ៦០ រូបដែលរងផលប៉ះពាល់ដោយសារការហាមឃាត់ការធ្វើដំណើរ និងការបង្កកទ្រព្យសម្បត្តិបន្ទាប់ពីការសាកល្បងអាវុធនាពេលកន្លងមក។
កាលពីថ្ងៃពុធក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិបានអនុម័តទណ្ឌកម្មតឹងរ៉ឹងបំផុតប្រឆាំងនឹងរដ្ឋាភិបាលក្រុងព្យុងយ៉ាងដោយបានដាក់ការស៊ើបអង្កេតដែលមិនធ្លាប់មានពីមុនមកចំពោះទំនិញទាំងអស់ដែលចេញចូលក្នុងប្រទេសឯកាអស់រយៈពេល ៦០ ឆ្នាំមួយនេះ។
ទណ្ឌកម្មទាំងនេះក៏ហាមឃាត់ ឬរឹតបន្តឹងការនាំចេញធ្យូងថ្ម ដែក និងរ៉ែដែកព្រមទាំងសារធាតុរ៉ែផ្សេងទៀតពីប្រទេសកូរ៉េខាងជើងហើយហាមឃាត់ការផ្គត់ផ្គង់ឥន្ធនៈអាកាសចរណ៍រួមមានឥន្ធនៈសម្រាប់យានអវកាសដោយចាត់ទុកជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងឲ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាងបោះបង់មហិច្ឆតាអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។
លោក Federica Mogherini ប្រធានផ្នែកកិច្ចការបរទេសរបស់សហភាពអឺរ៉ុបបានឲ្យដឹងកាលពីដើមសប្តាហ៍កន្លងទៅនេះថាសហភាពអឺរ៉ុបនឹងអនុវត្តឲ្យបានឆាប់រហ័សទៅតាមការដឹកនាំរបស់អង្គការសហប្រជាជាតិដោយចាត់ទុកថាសកម្មភាពរបស់ប្រទេសកូរ៉េខាងជើងគឺជាការគំរាមកំហែងធ្ងន់ធ្ងរមួយចំពោះសន្តិភាពអន្តរជាតិ និងសន្តិសុខក្នុង និងក្រៅតំបន់»៕ BP
ADS HERE !!!