ក្រុងឌូបៃៈ ក្រុមហ៊ុន Moody's បានទម្លាក់ចំណាត់ថ្នាក់ឥណទានរបស់ប្រទេសអូម៉ង់ និងបារ៉ែន និងបានរក្សាចំណាត់ថ្នាក់របស់ក្រុមប្រទេសនាំចេញប្រេងនៅតំបន់ឈូងសមុទ្រពែក្សផ្សេងទៀតឲ្យស្ថិតក្រោមការពិចារណាទម្លាក់ចំណាត់ថ្នាក់ឥណទានដោយបានលើកឡើងថាតម្លៃប្រេងឆៅទាបបានធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះធ្លាក់ចុះ។
ទីភ្នាក់ងារផ្តល់ចំណាត់ថ្នាក់ឥណទាននេះបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃសុក្រកន្លងទៅនេះថាការទម្លាក់ចំណាត់ថ្នាក់ឥណទាននេះបានធ្វើឡើងដើម្បីឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃការធ្លាក់ចុះតម្លៃប្រេងខ្លាំងជាបន្ត។
ការវាយតម្លៃរបស់ក្រុមហ៊ុន Moo-dy's ត្រូវបានធ្វើចំពោះប្រទេសដែលផលិតប្រេងច្រើនជាងគេក្នុងអង្គការ OPEC គឺប្រទេសអារ៉ាប៊ី សាអ៊ូឌីត ដែលចំណាត់ថ្នាក់ឥណទានរបស់ប្រទេសនេះនៅក្នុងក្រុមហ៊ុន Standard and Poor's ត្រូវបានទម្លាក់ពីរចំណាត់ថ្នាក់មកនៅត្រឹមចំណាត់ថ្នាក់ A- កាលពីខែមុន។ ក្រៅពីនេះគឺប្រទេសអេមីរ៉ាតអារ៉ាប់រួម ប្រទេសកូវ៉ែត និងប្រទេសកាតា។
ក្រុមហ៊ុន Moody's បានព្យាករថាតម្លៃប្រេងនឹងមានតម្លៃជាមធ្យម ៣៣ ដុល្លារក្នុងមួយធុងនៅឆ្នាំ ២០១៦ និង ៣៨ ដុល្លារក្នុងមួយធុងនៅឆ្នាំក្រោយ និង ៤៨ ដុល្លារនៅឆ្នាំ ២០១៩។
ចំណាត់ថ្នាក់ឥណទានរបស់បារ៉ែនត្រូវបានទម្លាក់មួយចំណាត់ថ្នាក់មកនៅត្រឹមចំណាត់ថ្នាក់ Ba1 ពោលគឺជាចំណាត់ថ្នាក់មួយដែលមានស្ថានភាពមិនសូវល្អ និងមានហានិភ័យ។ ចំណាត់ថ្នាក់ឥណទានរបស់ប្រទេសអូម៉ង់ត្រូវបានទម្លាក់ពីរចំណាត់ថ្នាក់មកនៅត្រឹមចំណាត់ថ្នាក់ A1 ដែលស្ថិតក្នុងចំណាត់ថ្នាក់ល្អមួយដដែលដែលមានហានិភ័យឥណទានទាប។
ក្រុមហ៊ុន Moody's បានបន្តឲ្យដឹងថាបើទោះជាប្រទេសនេះជាប្រទេសបារ៉ែនជាប្រទេសនាំចេញប្រេងតូចក្តីការនាំចេញប្រេង និងឧស្ម័នមានទំហំស្មើនឹង ៧៥ ភាគរយនៃការនាំចេញរបស់ប្រទេសនេះ និងមាន ៨៦ ភាគរយនៃប្រាក់ចំណូលសាធារណៈអំឡុងឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៤។
ទីភ្នាក់ងារផ្តល់ចំណាត់ថ្នាក់នេះបានបន្តឲ្យដឹងថាចំពោះប្រទេសអូម៉ង់វិញចំណូលប្រេង និងឧស្ម័នមានទំហំស្មើនឹង ៩០ ភាគរយនៃចំណូលរបស់រដ្ឋាភិបាល។ ប្រទេសអូម៉ង់មានមធ្យោបាយការពារទ្រព្យសម្បត្តិកាន់តែខ្សោយដោយទ្រព្យសម្បត្តិហិរញ្ញវត្ថុរបស់រដ្ឋាភិបាលស្ថិតក្នុងចំនួនមួយដែលអាចចំណាយបានតែរយៈពេលបីឆ្នាំប៉ុណ្ណោះ។
ក្រុមហ៊ុន Moody's បានឲ្យដឹងទៀតថា៖ «វិបត្តិជាលក្ខណៈរចនាសម្ព័ន្ធដែលចាប់ផ្តើមកើតឡើងនៅក្នុងផ្សារប្រេងកំពុងកាត់បន្ថយតារាងតុល្យការរបស់ក្រុមប្រទេសនៅតំបន់ឈូងសមុទ្រពែក្ស សេដ្ឋកិច្ចរបស់ប្រទេសទាំងនោះព្រមទាំងចំណាត់ថ្នាក់ឥណទានផងដែរ»។
ចំពោះប្រទេសអារ៉ាប៊ីសាអ៊ូឌីតវិញទីភ្នាក់ងារនេះបានឲ្យដឹងថាប្រេងមានទំហំស្មើនឹង ៨៤ ភាគរយនៃការនាំចេញ ៤០ ភាគរយនៃកំណើន ផ.ស.ស និង ៦២ ភាគរយនៃចំណូលរដ្ឋាភិបាលសរុប។ មុនពេលប្រេងធ្លាក់ថ្លៃការចូលរួមចំណែកប្រាក់ចំណូលដែលបានមកពីប្រេងឆៅមានទំហំស្មើនឹងប្រមាណ ៩០ ភាគរយ។
ចន្លោះឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៥ ប្រាក់ចំណូលគិតជាភាគរយនៃ ផ.ស.ស របស់អារ៉ាប៊ីសាអ៊ូឌីត បានធ្លាក់ចុះ ២៣ ភាគរយ៕ BP
ADS HERE !!!