ក្រុងហ្សាការតាៈ ប្រទេសឥណ្ឌូនេស៊ីមានផែនការបង្កើតទីផ្សារពិសេសមួយនៅក្នុងផ្សារហ៊ុនរបស់ខ្លួនដើម្បីធ្វើជាទីផ្សារសម្រាប់ការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) របស់ក្រុមហ៊ុនដែលទើបនឹងបង្កើតថ្មី ខណៈប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះអនុវត្តតាមទស្សនវិស័យរបស់ខ្លួនក្នុងការក្លាយជាទីតាំងប្រចាំតំបន់សម្រាប់សហគ្រិនបច្ចេកវិទ្យា។
លោក Rudiantara រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងបច្ចេកវិទ្យាព័ត៌មានរបស់ឥណ្ឌូនេស៊ីបានឲ្យដឹងថាប្រទេសនេះមានបំណងបង្កើតទីផ្សារជួញដូរថ្មីមួយដែលមានឈ្មោះជាបណ្តោះអាសន្នថា «ទីផ្សារបច្ចេកវិទ្យា» នៅផ្សារហ៊ុនឥណ្ឌូនេស៊ីដូច្នេះស្ថាបនិក និងវិនិយោគិនកាន់តែមានភាពងាយស្រួលក្នុងការធ្វើឲ្យក្រុមហ៊ុនរបស់ខ្លួនក្លាយជាក្រុមហ៊ុនសាធារណៈ។
ប្រទេសដែលមានប្រជាជនច្រើនជាងគេទីបួនក្នុងពិភពលោកមួយនេះកំពុងស្ថិតក្នុងដំណាក់កាលនៃភាពរីកចម្រើនខាងបច្ចេកវិទ្យាអនឡាញបន្ទាប់ពីមានការប្រែប្រួលសេដ្ឋកិច្ចរយៈពេលជាច្រើនឆ្នាំដែលភាពរីកចម្រើននេះត្រូវបានជំរុញដោយសារកំណើននៃការប្រើប្រាស់គ្រឿងអេឡិចត្រូនិកចល័ត និងជាប្រទេសមួយក្នុងចំណោមប្រទេសមានប្រជាជនវ័យក្មេងជាងគេក្នុងតំបន់អាស៊ី។
ក្រុមហ៊ុនពាណិជ្ជកម្មអនឡាញធំៗរាប់ចាប់ពីក្រុមហ៊ុន Tokopedia រហូតដល់ក្រុមហ៊ុន MatahariMall.com កំពុងទទួលបានផលប្រយោជន៍ពីកំណើនប្រាក់ចំណូលទន្ទឹមនឹងនោះដែរក្រុមហ៊ុនអន្តរជាតិនានាដូចជាក្រុមហ៊ុន Uber Technologies Inc ជាដើមបានបង្កើតហាងលក់ទំនិញនៅទីនោះ។
រដ្ឋមន្ត្រីរូបនេះបានបន្តឲ្យដឹងថាបច្ចុប្បន្នឥណ្ឌូនេស៊ីមើលឃើញថាក្នុងរយៈពេល ១ ឆ្នាំៗក្រុមហ៊ុនដែលទើបបង្កើតថ្មីតម្លៃរាប់ពាន់លានដុល្លារចំនួនពីរត្រូវបានបង្កើតឡើង។
លោក Rudiantara បានឲ្យដឹងបន្តថាដំណើរទស្សនកិច្ចនាពេលថ្មីៗនេះនៅតំបន់ Silicon Valley បានជំរុញរូបលោកឲ្យជំរុញបង្កើតគោលនយោបាយនានាដើម្បីបង្កើតក្រុមហ៊ុនថ្មីៗឲ្យបានរាប់ពាន់នៅឆ្នាំ ២០២០ ។
លោក Rudiantara មន្ត្រីប្រតិបត្តិនៅក្រុមហ៊ុនទូរគមនាគមន៍ធំជាងគេពីររបស់ប្រទេសឥណ្ឌូនេស៊ីមុនពេលចូលរួមជាមួយរដ្ឋាភិបាលបានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ក្នុងសន្និសីទមួយស្តីពីមូលធនបណ្តាក់ទុនរួមគ្នានៅទីក្រុង ហ្សាការតា ថា៖ «វិនិយោគិនទាំងអស់ចង់ប្រមូលផលពីការវិនិយោគរបស់ខ្លួន។ យើងចង់ផ្តល់ជូនក្រុមហ៊ុនទាំងនោះនូវយុទ្ធសាស្រ្តច្រកចេញមួយតាមរយៈទីផ្សារមូលធនតាមរយៈការបង្កើតទីផ្សារបច្ចេកវិទ្យានេះ»។
លោកប្រធានាធិបតី Joko Widodo ដែលបានឡើងកាន់អំណាចដោយសារកម្មវិធីកំណែទម្រង់មានបំណងបង្កើតក្រុមហ៊ុនថ្មីៗប្រកបដោយថាមពល និងប្រើប្រាស់បច្ចេកវិទ្យាដើម្បីជំរុញសេដ្ឋកិច្ច។
រដ្ឋបាលលោកមានផែនការផ្តល់ភាពជាម្ចាស់កម្មសិទ្ធិរបស់ជនបរទេសទាំងស្រុងចំពោះក្រុមហ៊ុនពាណិជ្ជកម្មអនឡាញពោលគឺជាផ្នែកមួយនៃការលុបបំបាត់ឧបសគ្គក្នុងឧស្សាហកម្មមួយចំនួនដែលកន្លងមកជាកត្តារាំងស្ទះចំពោះការវិនិយោគ៕ BP
ADS HERE !!!