ភ្នំពេញៈ វិទ្យាស្ថានអង្គរដែលគ្រប់គ្រងដោយរដ្ឋគ្រោងបង្កើតការលក់សំបុត្រចូលទស្សនាអង្គរតាមអនឡាញដើម្បីធានាប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសេវាកាន់តែប្រសើរសម្រាប់ទេសចរបរទេសមកកម្ពុជា។
ការប្រកាសនេះធ្វើឡើងកាលពីថ្ងៃទី ១ ខែមីនានៅក្នុងការបើកវិទ្យាស្ថានអង្គរនៅខេត្តសៀមរាបដែលដឹកនាំរួមគ្នាដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍ដើម្បីគ្រប់គ្រងប្រាក់ចំណូលបានពីការចូលទស្សនាប្រាសាទអង្គរ។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងនៅក្នុងអំឡុងពិធីប្រកាសបើកវិទ្យាស្ថានថ្មីនេះថាការលក់សំបុត្រតាមអនឡាញជាដំណោះស្រាយងាយស្រួលសម្រាប់ការលក់សំបុត្រដើម្បីធានាប្រសិទ្ធភាពគណនេយ្យភាព និងតម្លាភាព។
លោកថ្លែងថាប្រព័ន្ធព័ត៌មានវិទ្យាដែលការិយាល័យលក់សំបុត្រប្រើប្រាស់ចាប់តាំងពីឆ្នាំ ១៩៩៩ គឺមានដំណើរការយឺតហើយវាត្រូវតែរៀបចំឡើងវិញ និងធ្វើឡើងវិញដើម្បីផ្ដល់សេវាកាន់តែលឿន និងកាន់តែប្រសើរ។
លោកបន្ថែមថា៖ «ខ្ញុំគិតថាប្រព័ន្ធព័ត៌មានវិទ្យាដែលមានស្រាប់គួរតែរៀបចំឡើងវិញ និងធ្វើឡើងវិញ។ មិនមានប្រព័ន្ធកុំព្យូទ័រមេត្រឹមត្រូវនោះទេការចុះបញ្ជីគណនី និងប្រព័ន្ធទិន្នន័យសំបុត្រមិនទាន់ស៊ីគ្នានៅឡើយទេ។ យើងត្រូវតែពិនិត្យឡើងវិញអំពីលទ្ធភាពដើម្បីមានប្រព័ន្ធថ្មីមួយ»។
លោកលើកឡើងថា៖ «ការវិនិយោគនៅក្នុងប្រព័ន្ធនេះគឺមិនធំនោះទេប្រសិនបើយើងសម្លឹងមើលទៅប្រព័ន្ធដែលបង្កើតឡើងនៅក្នុងស្រុក ឬប្រព័ន្ធមូលដ្ឋាន។ ប្រព័ន្ធព័ត៌មានវិទ្យាថ្មីនេះនឹងមិនគ្រាន់តែធានាឲ្យប្រាកដពីការលក់សំបុត្រ និងប្រាក់ចំណេញនោះទេប៉ុន្តែវាគួរតែមានគេហទំព័រមួយទំនាក់ទំនងជាមួយប្រព័ន្ធរបស់យើងដើម្បីផ្សព្វផ្សាយវិទ្យាស្ថានរបស់យើង និងជូនដំណឹងដល់ភ្ញៀវទេសចរអំពីទីកន្លែងរបស់យើង»។
លោកបានបន្តថា៖ «យើងត្រូវតែមានសេវាដែលអាចកក់សំបុត្រ ការកក់សំបុត្រតាមអនឡាញពីបរទេស។ ការទូទាត់អាចត្រូវបានធ្វើតាមរយៈកាតឥណទានពួកគេគ្រាន់តែបញ្ជូនរូបភាពរបស់ពួកគេហើយយើងអាចរៀបចំសំបុត្រសម្រាប់ពួកគេបានមិនចាំបាច់រង់ចាំនៅជួរនោះទេ»។ លោករដ្ឋមន្ដ្រីបញ្ជាក់ថានៅក្នុងប្រទេសសិង្ហបុរីពួកគេប្រើប្រាស់ប្រព័ន្ធនេះនៅក្នុងរោងភាពយន្តដែលលឿន និងងាយស្រួល។
លោកស្រី ចៅ ស៊ុនកិរិយា អ្នកនាំពាក្យអាជ្ញាធរជាតិអប្សារាបានថ្លែងថាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍មើលការខុសត្រូវលើការបង្កើតប្រព័ន្ធនេះ។ ប៉ុន្តែលោកស្រីមិនអាចផ្ដល់ព័ត៌មានលម្អិតបន្ថែមអំពីពេលណាដែលប្រព័ន្ធនេះរៀបចំរួចនោះទេដោយបញ្ជាក់ថាត្រូវការពេលវេលា។
លោកស្រីបន្តថា៖ «ប្រព័ន្ធសំបុត្រតាមអនឡាញត្រូវបានប្រើប្រាស់ជាអន្តរជាតិខ្ញុំយល់ស្របតាមគំនិតនេះ។ បើប្រទេសផ្សេងទៀតអាចធ្វើបានយើងក៏អាចធ្វើបានដូចគ្នា។ វាសន្សំពេលវេលាប៉ុន្តែយើងត្រូវតែមានប្រព័ន្ធដ៏រលូន»។
ADS HERE !!!