ភ្នំពេញៈ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយដើម្បីកែសម្រួលអត្រាពន្ធនាំចេញកៅស៊ូដើម្បីជួយដល់កសិករកៅស៊ូកម្ពុជាប៉ុន្តែក្រុមហ៊ុន និងអ្នកនាំចេញជាច្រើនអះអាងថាអនុក្រឹត្យនេះមិនបានជួយដល់វិស័យដែលកំពុងតែពិបាកស្រាប់នៅពេលបច្ចុប្បន្ននេះទេ។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យនេះកាលពីថ្ងៃទី ៤ ខែមីនាដើម្បីកែសម្រួលពន្ធនាំចេញកៅស៊ូខណៈការធ្លាក់ចុះតម្លៃនាំឲ្យកសិករ និងក្រុមហ៊ុនខាតបង់ និងកំពុងរារាំងដល់ការដាំដុះកៅស៊ូ។
អនុក្រឹត្យចែងថាបើតម្លៃនាំចេញកៅស៊ូនៅក្រោម ១ ០០០ ដុល្លារក្នុងមួយតោនមិនតម្រូវឲ្យបង់ពន្ធនាំចេញ។ ប្រសិនបើតម្លៃកៅស៊ូចាប់ពី ១ ០០០ ដុល្លារដល់ក្រោម ២ ០០០ ដុល្លារក្នុងមួយតោនពន្ធនាំចេញគឺ ៥០ ដុល្លារក្នុងមួយតោន។
បើតម្លៃនាំចេញកៅស៊ូចាប់ពី ២ ០០០ ដុល្លារដល់ក្រោម ៣ ០០០ ដុល្លារក្នុងមួយតោនពន្ធនាំចេញគឺ ១៥០ ដុល្លារក្នុងមួយតោន។ តម្លៃនាំចេញកៅស៊ូចាប់ពី ៣ ០០០ ដុល្លារដល់ក្រោម ៤ ០០០ ដុល្លារក្នុងមួយតោនពន្ធនាំចេញគឺ ២០០ ដុល្លារក្នុងមួយតោនខណៈតម្លៃនាំចេញកៅស៊ូចាប់ពី ៤០០០ ដុល្លារក្នុងមួយតោនពន្ធគឺ ៣០០ ដុល្លារក្នុងមួយតោន។
លោក ឡេង ធីវុទ្ធ ប្រធានផ្នែកហិរញ្ញវត្ថុនៅចម្ការកៅស៊ូក្រែកឲ្យដឹងថាអនុក្រឹត្យនេះជួយដល់ផ្នែកមួយចំនួនប៉ុណ្ណោះ ។
លោកថ្លែងថា៖ «ខណៈតម្លៃទីផ្សារអន្តរជាតិនៅពេលនេះលើ ១- ០០០ ដុល្លារក្នុងមួយតោនអនុក្រឹត្យនេះមិនបានជួយច្រើនស្ថិតក្នុងស្ថានភាពបច្ចុប្បន្ននេះទេ»។
លោកបន្តថាអនុក្រឹត្យនេះស្ទើរតែគ្មានអ្វីប្លែកទេព្រោះការមិនយកពន្ធនាំចេញគឺសម្រាប់តែតម្លៃក្រោម ១០០០ ដុល្លារក្នុងមួយតោនប៉ុណ្ណោះ។
លោកថ្លែងថា៖ «នៅពេលនេះតម្លៃទីផ្សារប្រហែល ១ ០៥០ ដុល្លារក្នុងមួយតោន។ វាលើ ១០០០ ដុល្លារតិចតួចដូច្នេះយើងនៅតែត្រូវបង់ពន្ធ [៥០ ដុល្លារ]»។ ជាមួយនឹងការនាំចេញសរុបប្រហែល ៤ ០០០ តោនកាលពីឆ្នាំ ២០១៥ កើនឡើងតិចតួចបើធៀបនឹងឆ្នាំ ២០១៤ លោក ធីវុទ្ធ បន្តថាលោកមិនរំពឹងថាតម្លៃនឹងកើនឡើងនោះទេដោយសារតែទីផ្សារអន្តរជាតិធ្លាក់ចុះ និងតម្រូវការកាន់តែតិច។
លោកលើកឡើងថា៖ «វានឹងល្អបើអនុក្រឹត្យចែងថាបើតម្លៃនាំចេញក្រោម ១ ៥០០ ដុល្លារក្នុងមួយតោនមិនចាំបាច់បង់ពន្ធ»។ លោកបន្តថាទោះបីជាតម្លៃទីផ្សារបច្ចុប្បន្ននៅលើ ១០០០ ដុល្លារក្នុងមួយតោនក៏ក្រុមហ៊ុននៅតែខាតខណៈតម្លៃផលិតមានប្រហែល ១៤០០ ដុល្លារក្នុងមួយតោន»។
តំណាងក្រុមហ៊ុននាំចេញកៅស៊ូម្នាក់សុំមិនប្រាប់ឈ្មោះថ្លែងថាបើឆ្លុះបញ្ចាំងពីតម្លៃទីផ្សារបច្ចុប្បន្នអនុក្រឹត្យនេះមិនជួយបានច្រើននោះទេ។
លោកបន្តថា៖ «យើងស្នើឲ្យមានការពិភាក្សារវាងវិស័យឯកជន កសិករ ក្រុមហ៊ុន ក្រសួងកសិកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីបើកចំហការផ្ដល់យោបល់នៅលើតុក្នុងការរកដំណោះស្រាយដែលអាចទទួលយកបាន។ នេះជាមធ្យោបាយឈ្នះឈ្នះសម្រាប់គ្រប់គ្នាប៉ុន្តែពេលនេះអនុក្រឹត្យនេះបានចេញរួចហើយ»។
លោក ម៉ក់ គឹមហុង ប្រធានសមាគមកៅស៊ូកម្ពុជាមិនអាចសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញដោយលោកបានថ្លែងថាលោកជាប់រវល់។
ការនាំចេញកៅស៊ូសរុបរបស់កម្ពុជាកាលពីឆ្នាំ ២០១៥ បានកើនឡើងដល់ ១៥២ ១៦០ តោនកើនឡើងពី ១៣៤ ១៥៦ តោនកាលពីឆ្នាំ ២០១៤។ នេះបើយោងតាមរបាយការណ៍នាំចេញផលិតផលកសិកម្មរបស់ក្រសួងកសិកម្មក្នុងឆ្នាំ ២០១៥ ៕ LA
ADS HERE !!!