ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាអំពាវនាវឲ្យសហភាពអឺរ៉ុបបន្ថែមពេលវេលាលើកលែងពន្ធសម្រាប់ឧស្សាហកម្មនាំចេញកង់របស់កម្ពុជាខណៈកិច្ចព្រមព្រៀងជិតដល់ពេលត្រូវបញ្ចប់។
ថ្លែងនៅក្រៅជំនួបនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងស្នងការពាណិជ្ជកម្មអឺរ៉ុប (AEM-EU) នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃកាលពីថ្ងៃព្រហស្បតិ៍មុនលោក ស៊ុន ចាន់ថុល បានពិភាក្សាជាមួយលោកស្រី Cecilia Malmström ស្នងការពាណិជ្ជកម្ម EU ដើម្បីរកមធ្យោបាយពង្រីកពាណិជ្ជកម្មរវាងកម្ពុជា និង EU។ នេះបើតាមគេហទំព័រក្រសួងពាណិជ្ជកម្ម។
មធ្យោបាយនេះ គឺពិភាក្សាពីការឲ្យកម្ពុជាបន្តនាំចេញកង់ដែលនាំចូលគ្រឿងបង្គុំពីម៉ាឡេស៊ី ទៅ EU ដោយរួចពន្ធរយៈពេល ៣ ឆ្នាំបន្ថែមទៀត។
គម្រោងអនុគ្រោះពន្ធ GSP របស់សហភាពអឺរ៉ុបដែលផ្តល់ឲ្យកម្ពុជាចែងថាអឺរ៉ុបអនុញ្ញាតឲ្យកម្ពុជានាំចេញកង់ផលិតក្នុងស្រុក ៣០ ភាគរយដោយរួចពន្ធ។ ប៉ុន្តែដោយសារតែកម្ពុជាមិនអាចឆ្លើយតបតាមលក្ខខណ្ឌបានទើបកាលពីខែកក្កដាឆ្នាំ ២០១៤ កម្ពុជាទទួលបានកិច្ចព្រមព្រៀងរយៈពេលបីឆ្នាំក្នុងការនាំចូលគ្រឿងបង្គុំពីប្រទេសម៉ាឡេស៊ី និងសិង្ហបុរីសម្រាប់ផលិតកង់នាំចេញដែលស្ថិតក្រោមការអនុគ្រោះពន្ធនេះ។ កិច្ចព្រមព្រៀងនេះជំរុញឲ្យការនាំចេញកង់របស់កម្ពុជាទៅអឺរ៉ុបកើនឡើងខ្ពស់។
ទិន្នន័យចេញផ្សាយដោយក្រុមប្រឹក្សាតំបន់សេដ្ឋកិច្ចពិសេសកម្ពុជាបង្ហាញថាប្រទេសកម្ពុជាបាននាំចេញប្រហែល ១,៤ លានកង់ទៅសហភាពអឺរ៉ុបកាលពីឆ្នាំមុនកើនឡើង ២២ ភាគរយបើធៀបនឹងឆ្នាំ ២០១៤ ដែលមានតម្លៃ ៣៦៤ លានដុល្លារអាមេរិក។
ការលើកលែងនេះនឹងត្រូវផុតកំណត់នៅឆ្នាំ ២០១៧ ហើយរដ្ឋាភិបាលកម្ពុជាកំពុងស្វែងរកការពន្យារពេល ៣ ឆ្នាំទៀតដើម្បីការពារឧស្សាហកម្មនេះ។
លោក សែម សេរីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មទទួលបន្ទុកតំបន់សេដ្ឋកិច្ចពិសេសបានប្រាប់ភ្នំពេញប៉ុស្តិ៍ថាសំណើនេះមិនមែនដើម្បីនាំចូលបន្ថែមប្រទេសម៉ាឡេស៊ីនោះទេប៉ុន្តែគឺដើម្បីប្រើប្រាស់គ្រឿងបង្គំដែលនៅក្នុងស្ដុកឲ្យអស់សិន។
លោកបានថ្លែងថា៖ «រដ្ឋាភិបាលកំពុងជំរុញបញ្ហានេះជាមួយ EU ដូច្នេះក្រុមហ៊ុនអាចប្រើប្រាស់គ្រឿងបង្គុំនាំចូលដែលមានស្រាប់របស់ពួកគេ»។
លោកបន្តថា ការផលិតក្នុងស្រុកមានការពិបាកដោយសារកម្ពុជានៅតែខ្វះសមត្ថភាពក្នុងការផលិតគ្រឿងបង្គុំដើម្បីបំពេញទៅតាមលក្ខខណ្ឌ ៣០ ភាគរយរបស់អឺរ៉ុបនេះ។
លោកថ្លែងថា៖ «បើគ្មានវាទេវានឹងពិបាកខ្លាំងសម្រាប់ក្រុមហ៊ុនខណៈដែលតម្រូវការទីផ្សារទៅប្រទេសជាច្រើនដូចជាអាមេរិក និងឥណ្ឌាកើនឡើង»។
EU កាលពីខែឧសភាបានយកពន្ធ ៤៨,៥ ភាគរយលើការនាំចូលពីរោងចក្រនៅកម្ពុជាដោយចោទប្រកាន់ថាបានរំលោភលើកិច្ចព្រមព្រៀង «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ» នៅពេលពួកគេស៊ើបអង្កេតរកឃើញថាក្រុមហ៊ុនចិនបានប្រើប្រាស់កម្ពុជាជាទីផ្សារសម្រាប់នាំចេញទៅអឺរ៉ុបដោយនាំចេញកង់ផលិតនៅចិន។
ជាការឆ្លើយតបលោកស្រី Malmström EU នឹងពិចារណាលើសំណើនេះហើយនឹងបញ្ជូនត្រឡប់មកកម្ពុជានៅពេលសមរម្យមួយនាពេលអនាគត។ នេះបើតាមសេចក្តីប្រកាសនៅលើគេហទំព័រក្រសួងពាណិជ្ជកម្ម។
មិនអាចទាក់ទងតំណាងមកពី EU ប្រចាំកម្ពុជាបានទេកាលពីថ្ងៃម្សិលមិញ៕ LA
ADS HERE !!!