ប៉េកាំងៈ រដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុចិនបានឲ្យដឹងកាលពីថ្ងៃចន្ទថាបទប្បញ្ញត្តិការងាររបស់ចិនធ្វើឲ្យប៉ះពាល់ដល់កម្មករជាច្រើនតាមរយៈការកាត់បន្ថយឱកាសការងារដោយសារទីក្រុងប៉េកាំងព្យាយាមរៀបចំរចនាសម្ព័ន្ធជាថ្មីដល់សេដ្ឋកិច្ចរបស់ខ្លួនខណៈការចៀសវាងការបញ្ឈប់ការងារបណ្ដោះអាសន្ន និងភាពចលាចលក្នុងសង្គម។
ច្បាប់កិច្ចសន្យាការងារដែលបានអនុម័តកាលពីឆ្នាំ ២០០៧ រឹតបន្តឹងក្រុមហ៊ុនក្នុងការបញ្ឈប់កម្មករពីកាងារ។ លោករដ្ឋមន្រ្ដី Lou Jiwei បានថ្លែងថាវាជាការរើសអើងចំពោះអ្នកដែលដល់ពេលធ្វើការ និងខូចប្រយោជន៍ខ្លាំងបំផុត។
ការអត្ថាធិប្បាយរបស់លោកធ្វើឡើងក្នុងជំនួបក្រៅកិច្ចប្រជុំនៃសភាជាតិប្រជាជន (NPC) ចំពេលនៃកិច្ចពិភាក្សានៅជុំវិញពិភពលោកស្ដីពីជម្លោះរវាងការបង្កើតការងារ និងការការពារកម្មករដែលមានស្រាប់។
ប្រទេសចិនកុម្មុយនីស្ដគឺធ្លាប់ជាសេដ្ឋកិច្ចបង្គាប់បញ្ជាដែលកម្មករជាច្រើននាក់អាចពឹងលើផ្នែកការងាររបស់ពួកគេសម្រាប់អ្វីៗគ្រប់យ៉ាងចាប់ពីលំនៅឋានដល់ការថែទាំសុខភាព។
រយៈពេល ៣ ទសវត្សរ៍កន្លងមកប្រទេសនេះបានទទួលយកគោលការណ៍ទីផ្សារដែលដាក់ឈ្មោះថា៖ «លទ្ធិសង្គមនិយមជាមួយនឹងលក្ខណពិសេសរបស់ប្រទេសចិន» ដែលកំពុងជំរុញឲ្យសេដ្ឋកិច្ចកើនឡើងខ្លាំង។ ប៉ុន្តែវិស័យមួយចំនួននៅតែធំ និងគ្មានប្រសិទ្ធភាពជាពិសេសសហគ្រាសដែលគ្រប់គ្រងដោយរដ្ឋ។
លោក Lou ថ្លែងថា៖ «គោលបំណងដើមរបស់ច្បាប់ការងារគឺដើម្បីការពារកម្មករប៉ុន្តែទីបញ្ចប់វាធ្វើឲ្យប៉ះពាល់ដល់អត្ថប្រយោជន៍របស់កម្មករមួយចំនួនហើយអាចបណ្ដាលឲ្យមានការកើនឡើងប្រាក់ឈ្នួលយ៉ាងឆាប់រហ័ស» ដែលកំពុងបង្កើនការចំណាយរបស់ក្រុមហ៊ុន និងបណ្ដាលឲ្យពួកគេផ្លាស់ប្តូរប្រតិបត្តិការទៅបរទេស។
លោកលើកឡើងថា៖ «ទីបំផុតនរណាត្រូវខូចប្រយោជន៍? នោះគឺកម្មករដែលត្រូវខូចប្រយោជន៍»។
លោកបន្តថា៖ «ឱកាសការងារត្រូវបានកាត់បន្ថយ»។ លោកមិនបានស្នើឲ្យមានការកែទម្រង់ជាក់លាក់នោះទេប៉ុន្តែលោកបញ្ជាក់ថាក្រសួងហិរញ្ញវត្ថុ «ត្រូវតែចង្អុលបង្ហាញបញ្ហាដែលខ្លួនមើលឃើញដោយសារតែវាមានផលប៉ះពាល់ដល់សេដ្ឋកិច្ចទាំងមូល»។
ការកាត់បន្ថយការផលិតលើសនៅក្នុងវិស័យឧស្សាហកម្មដូចជាដែកថែប និងធ្យូងថ្មបានក្លាយជាអាទិភាពបន្ទាន់សម្រាប់ប្រទេសចិនដោយសារតែខ្លួនស្វែងរកការផ្លាស់ប្តូរចេញពីកំណើនសេដ្ឋកិច្ចដែលនាំមុខដោយការវិនិយោគឆ្ពោះទៅរកគំរូដែលនាំមុខដោយការប្រើប្រាស់ក្នុងស្រុកវិញ។
ប៉ុន្តែការកាត់បន្ថយដូចនោះបានបង្កើនការបារម្ភអំពីការបញ្ឈប់ការងារបណ្ដោះអាសន្នយ៉ាងច្រើនប្រហាក់ប្រហែលគ្នានឹងសញ្ញានៃការបាត់បង់ការងារ ៣០ លានដែលបានជួបប្រទះកាលពីទសវត្សរ៍ ១៩៩០ នៅពេលទីក្រុងប៉េកាំងបានបិទទ្វារក្រុមហ៊ុនដែលដំណើរការដោយរដ្ឋរាប់ពាន់។
នៅក្នុងការបើកកិច្ចប្រជុំ NPC កាលពីថ្ងៃអាទិត្យដែលជាកិច្ចប្រជុំប្រចាំឆ្នាំរបស់សភាគ្រប់គ្រងដោយបក្សកុម្មុយនីស្ដរបស់ប្រទេសចិនលោក Li Keqiang នាយករដ្ឋមន្ដ្រីបានសន្យាថានឹងសម្លាប់ «សហគ្រាសដែលមិនដំណើរការ» និងកាត់បន្ថយសមត្ថភាពផលិតលើសតាមរយៈការច្របាច់បញ្ចូលគ្នា ឬការជម្រះបញ្ជី៕ LA
ADS HERE !!!