ក្រុងគូឡាឡាំពួៈ ស្តុកប្រេងដូងនៅប្រទេសម៉ាឡេស៊ីអាចធ្លាក់ចុះមកនៅត្រឹមកម្រិតទាបបំផុតក្នុងរយៈពេល ១១ ខែកាលពីខែកុម្ភៈដោយសាររយៈពេលរាំងស្ងួតយូរដែលបង្កឡើងដោយបាតុភូតអាកាសធាតុ El Nino ខ្លាំងបំផុតក្នុងរយៈពេលជិត ២ ទសវត្សរ៍បានប៉ះពាល់ដំណាំប្រេងដូងនៅក្នុងប្រទេសផលិតប្រេងដូងច្រើនជាងគេទីពីររបស់ពិភពលោកនេះ។
ស្តុកប្រេងដូងអាចធ្លាក់ចុះ ៨,៧ ភាគរយមកនៅត្រឹម ២,១១ លានតោនធៀបនឹងខែ មករា ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីខែមីនាឆ្នាំ ២០១៥ មក។ នេះបើយោងតាមការព្យាករជាមធ្យមចំនួន ៨ លើកស្ថិតក្នុងការអង្កេតរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg ទៅលើអ្នកដាំដំណាំប្រេងដូង ក្រុមឈ្មួញ និងអ្នកវិភាគ។
ទិន្នផលប្រេងដូងបានធ្លាក់ចុះ ៣,៥ ភាគរយមកនៅត្រឹម ១,០៩ លានតោនដែលជាការធ្លាក់ចុះក្នុងរយៈពេលបួនខែជាប់គ្នាមកនៅត្រឹមកម្រិតទាបបំផុតគិតចាប់តាំងពីខែមករា ឆ្នាំ ២០១១។
ការអង្កេតនេះបានបន្តឲ្យដឹងទៀតថាការនាំចេញបានធ្លាក់ចុះ ១៤ ភាគរយមកនៅត្រឹម ១,១ លានតោន។ ក្រុមប្រឹក្សាប្រេងដូងរបស់ប្រទេសម៉ាឡេស៊ីនឹងចេញផ្សាយទិន្នន័យជាផ្លូវការនៅថ្ងៃទី ១០ ខែមីនានេះ។
ក្រុមហ៊ុន Olam International Ltd ដែលជាក្រុមហ៊ុនជួញដូរទំនិញមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបានឲ្យដឹងកាលពីសប្តាហ៍មុនថាស្តុកប្រេងដូងអាចនឹងធ្លាក់ចុះជាបន្តដោយសារផលប៉ះពាល់នៃបាតុភូតអាកាសធាតុ El Nino នឹងធ្វើឲ្យការធ្លាក់ចុះទិន្នផលប្រេងដូងមានស្ថានភាពកាន់តែធ្ងន់ធ្ងរ និងធ្វើឲ្យតម្លៃប្រេងដូងកើនឡើង។
តម្លៃប្រេងដូងក្នុងកិច្ចសន្យាអនាគតបានកើនឡើងដល់តម្លៃខ្ពស់បំផុតក្នុងរយៈពេល ១២ ខែកាលពីខែកុម្ភៈ និងបន្ទាប់មកបានបាត់បង់សន្ទុះវិញដោយសារប្រាក់រីងហ្គីតដែលមានតម្លៃខ្ពស់កាត់បន្ថយតម្រូវការរបស់អ្នកទិញ។
លោក Voon Yee Ping អ្នកវិភាគប្រចាំក្រុមហ៊ុន Kenanga Investment Bank Bhd បានបន្តឲ្យដឹងថា៖ «ផ្អែកលើនិន្នាការប្រវត្តិសាស្រ្តតម្រូវការអាចនឹងធ្លាក់ចុះក្នុងរយៈពេលខ្លី»។ លោកបានបន្តឲ្យដឹងទៀតថា៖ «តែផលិតកម្មប្រេងដូងអាចនឹងធ្លាក់ចុះរហូតដល់ខែមេសាហើយស្តុកប្រេងដូងនឹងបន្តធ្លាក់ចុះរហូតដល់ប៉ុន្មានខែខាងមុខ»។
ប្រេងដូងក្នុងកិច្ចសន្យាអនាគតសម្រាប់ចែកចាយនៅខែឧសភានៅផ្សារដេរីវ៉េទីវម៉ាឡេស៊ីមានតម្លៃ ២៥០៧ រីងហ្គីត (៦១២ ដុល្លារ) ក្នុងមួយតោននៅម៉ោងបិទការជួញដូរកាលពីថ្ងៃសុក្រ ពោលគឺធ្លាក់ចុះ ៥,៣ ភាគរយធៀបនឹងតម្លៃ ២ ៦៤៨ រីងហ្គីតកាលពីថ្ងៃទី ១៥ ខែកុម្ភៈដែលជាតម្លៃខ្ពស់បំផុតគិតចាប់តាំងពីខែមេសា ឆ្នាំ ២០១៤ មក៕ BP